ក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយដោយ Facebook រកឃើញថា មានប្រមាណ ៣០ លានគណនីបានរងការវាយប្រហារ ពោលគឺធ្លាក់ចុះតិចជាងព័ត៌មានលេចលឺកន្លងទៅថាមានដល់ ៥០ លានគណនី។ ក្នុងនោះក្រុមជនខិលខូចអាចលុកលុយយក Token របស់អ្នកប្រើប្រាស់ ហើយអាចលួចទិន្នន័យដូចខាងក្រោម៖
- ១៤ លានគណនីត្រូវបានគេលួចយកព័ត៌មានទាក់ទងបញ្ជីឈ្មោះ (Contact) រួមបញ្ចូលទាំងឈ្មោះ លេខទូរសព្ទ និង Email
- ១៥ លានគណនីត្រូវបានគេលួចយកព័ត៌មានទាក់ទងនឹងភេទ សញ្ជាតិ ទីតាំង និងព័ត៌មានក្នុងម៉ាស៊ីន
- ១ លានគណនីផ្សេងទៀតរងការវាយប្រហារ ប៉ុន្តែពុំត្រូវបានបាត់បង់អ្វីឡើយ។
រំឭកថា ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិកបានកត់សម្គាល់ឃើញសកម្មភាពខុសប្រក្រតីចាប់តាំងពីថ្ងៃទី ១៤ កញ្ញា ប៉ុន្តែមិនដឹងថាជាការវាយប្រហាររហូតទល់ ១១ ថ្ងៃក្រោយ។ លុះ ២ ថ្ងៃបន្ទាប់ Facebook ក៏ប្រញាប់ជួសជុលចន្លោះប្រហោងនោះ ដោយផលប៉ះពាល់កើតមានទាំងលើបណ្តាញសង្គម Facebook, Instagram និងកម្មវិធី Messenger ក៏ដូចជា WhatsApp ស្របពេលខាងក្រុមហ៊ុន ក៏ត្រៀមរួចជាស្រេចនឹងបញ្ចេញសារជូនដំណឹងដល់បណ្តាអ្នកប្រើប្រាស់ទាំងនោះឲ្យបានដឹងនាពេលប៉ុន្មានថ្ងៃខាងមុខ។
ប្រសិនរកឃើញថា គណនីរបស់អ្នកពិតជាជាប់ក្នុងគណនីវាយប្រហារទាំង ៣០ លាននោះ អ្នកអាចចូលទៅកាន់តំណ Help Center និងធ្វើតាមការណែនាំដូចបានកំណត់ពី Facebook ផ្ទាល់៕
ប្រភព៖ Sabay