ជប៉ុនពន្យារពេល​ចុះចតយានលើ​អាចម៍ផ្កាយ Ryugu ដោយសារ​តែស្ថានភាព​លំបាកលើស​ការរំពឹង​ទុក!

(តូក្យូ)៖ ទីភ្នាក់ងារ​អវកាស​ជប៉ុន JAXA បានឲ្យដឹងថា ខ្លួននឹងពន្យារពេល​នៃការចុះចតយាន​ Hayabusa-2 នៅលើអាចម៍​ផ្កាយ Ryugu យ៉ាងឆាប់រហូត​ទាល់តែដល់ខែមករា​ឆ្នាំក្រោយ គឺមិនមែន​នៅខែតុលានេះ​តាមការគ្រោងទុក​ឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​អវកាស JAXA បានបញ្ជាក់ថា ខ្លួនបានរក​ឃើញថា ផ្ទៃរបស់ Ryugu ដែលកំពុងស្ថិតនៅ​ចម្ងាយ​ប្រហែល ​៣០០លានគីឡូម៉ែត្រ​ពី​ផែនដី និងមាន​មុខកាត់​៩០០ម៉ែត្រនោះ មានភាពរដិបរដុបខ្លាំងជាងអ្វីដែលធ្លាប់បានគិត​កាលពីមុនមក ហើយ JAXA ត្រូវការពេល​​បន្ថែមទៀត​ ដើម្បីធានាថាការចុះចត​នៃយាន Hayabusa-2 នឹងប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព។

កាលពីថ្ងៃទី០៣ ខែតុលា យាន Hayabusa-2 បានបញ្ជូនយាន​តូចមួយឈ្មោះថា MASCOT ដែលអភិវឌ្ឍន៍​ឡើងរួមគ្នា​ដោយ​​ទីភ្នាក់ងារ​អវកាស​អាល្លឺម៉ង់ និងបារាំង ឲ្យទៅចុះចតនៅ​លើអាចម៍ផ្កាយ Ryugu ដោយជោគជ័យ ហើយនៅមុននោះ យានខ្នាតតូច​ពីរគ្រឿង​ទៀត ​​ក៏ត្រូវបានទម្លាក់​ចេញពី Hayabusa-2 ឲ្យទៅជាន់លើ Ryugu ដោយជោគជ័យ​ផងដែរកាលពី​ថ្ងៃទី២២ ខែកញ្ញា។

យោងតាមរូបភាព​នៃ Ryugu ដែលយានរ៉ូបូត​ទាំងនោះថតយកបាន ទីភ្នាក់ងារអវកាស JAXA បានឲ្យដឹងថា អាចម៍ផ្កាយនេះ​ពុំសូវមាន​ផ្ទៃដែល​រាបស្មើ ហើយវាបែរជា​សំបូរ​ទៅ​ដោយបណ្តុំ​ថ្មរដិបរដុបច្រើន។ យាន Hayabusa-2 បានទៅដល់​គោលដៅរបស់វា​កាលពី​ថ្ងៃទី២៧ ខែមិថុនា នៅក្បែរអាចម៍​ផ្កាយខាងលើ ក្រោយពីចំណាយ​​ជាង​បីឆ្នាំ​ក្នុងការ​ធ្វើដំណើរ​​ឆ្លងកាត់ទីអវកាស។ បើតាម JAXA មកទល់​ពេលនេះ Hayabusa-2 ពុំមាន​ជួប​បញ្ហា​អ្វីទាំងអស់ នាអំឡុងការធ្វើដំណើរ​​​សរុប​ចម្ងាយ​ ៣.២ពាន់លានគីឡូម៉ែត្រ​របស់វា​។

យាន Hayabusa-2 ត្រូវគេកំណត់ថា នឹងធ្វើការចុះចត​ចំនួន ០៣លើកនៅលើអាចម៍ផ្កាយ Ryugu ដើម្បីប្រមូលយក​គំរូតាងពីទីនោះ ហើយនឹងបន្ត​នៅក្បែរ Ryugu សម្រាប់រយៈពេល​មួយឆ្នាំ​កន្លះទៀត។ នាអំឡុងពេល​នោះ Hayabusa-2 នឹងធ្វើសកម្មភាព​ស្រាវជ្រាវ​រុករក​ជាច្រើន ដើម្បីព្យាយាម​ស្វែងរកតំរុយ​អំពី​ដំណើរវិវត្តន៍​នៃ​ប្រព័ន្ធព្រះអាទិត្យ ព្រមទាំងការកកើត​ដំបូងនៃទម្រង់​ជីវិតជាដើម។

គួរជម្រាបថា បេសកកម្ម​របស់ Hayabusa-2 នឹងបញ្ចប់ជាស្ថាពរ នៅពេលដែល​វាវិលត្រឡប់មកផែនដីវិញនៅឆ្នាំ២០២០ ជាមួយនិង​គំរូតាងដែល​វាប្រមូលយក​បានពី Ryugu ដោយគំរូតាង​ទាំងនោះ ត្រូវគេជឿជាក់ថា អាចមានផ្ទុកទឹក និងរូបធាតុនានា ដែលអាចមាន​​លទ្ធភាពទ្រទ្រង់​ជីវិតបាន និង​អំណោយផលខ្លាំងបំផុត សម្រាប់​ការសិក្សារកប្រភព​ដើមនៃទឹក និង​ជីវិតលើផែនដី៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9