(ក្រុងឡុងដ៍)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Eden Hazard បានលើកឡើងថា រូបគេនឹងមិនផ្លាស់ចេញពី Chelsea ដើម្បីទៅចូលរួមជាមួយ Real Madrid ក្នុងខែមករា ឆ្នាំ២០១៩ ឡើយ ប៉ុន្តែបានបញ្ជាក់ថា អាចផ្លាស់ចេញពី ក្រុមតោខៀវ Chelsea ដើម្បីឈ្នះពាន Ballon d’Or។
ខ្សែប្រយុទ្ធឆ្នើមបែលហ្ស៊ិក វ័យ២៧ឆ្នាំកាលពីដើមខែនេះបានសារភាពថាការចូលរួម Real Madrid ជាក្ដីស្រមៃរបស់គេតាំងពីតូចមក។
ក្នុងសន្និសីទសារព័ត៌មានតំណាងក្រុមជម្រើសជាតិបែលហ្ស៊ិក នៅពេលត្រូវបានសួរថាតើគេត្រូវការទៅលេងនៅអេស្ប៉ាញដើម្បីឈ្នះពានឯកត្តជនកំពូលៗឬយ៉ាងណា? Hazard តបថា «អីចឹងហើយបានជាខ្ញុំចង់ទៅ ប្រហែលហើយ»។
ទោះយ៉ាងណា Hazard បញ្ជាក់ថា គេមិនទៅ Real Madrid ក្នុងខែមករាខាងមុខឡើយ។
អតីតយុវជននៃក្លឹប Lille របស់បារាំងខាងលើ មានកិច្ចសន្យាជាមួយ Chelsea ដល់ខែមិថុនា ឆ្នាំ២០២០។ ប្រភពព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថា Real Madrid សង្ឃឹមថា Chelsea អាចលក់ Hazard នៅដំណាច់រដូវកាលនេះ ក្នុងតម្លៃ៧០លានផោន ជាជាងប្រឈមនឹងហានិភ័យនៃការបាត់បង់តារាឆ្នើមរូបនេះនៅឆ្នាំបន្ទាប់ដោយគ្មានតម្លៃផ្ទេរ។
Real ទើបតែទិញបាន Thibaut Courtois ពី Chelsea ក្នុងខែសីហាកន្លងទៅ ក្នុងតម្លៃ៣៥លានផោន ដ្បិតអ្នកចាំទីដៃទី១ បែលហ្ស៊ិករូបនេះឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយ Chelsea ទៅហើយ។
សូមបញ្ជាក់ថា Hazard បានផ្លាស់ពី Lille មក Chelsea ក្នុងឆ្នាំ២០១២ ហើយមកទល់ពេលនេះចូលលេងបាន២១៦ប្រកួត ស៊ុតចូល៧៦គ្រាប់ សម្រាប់ក្រុមតោខៀវ៕