កីឡាករ ៥រូបដែលគ្មាន​ហុងស៊ុយ​ ក្រោយ​ពាក់​អាវ​លេខ​៧ នៅក្លឹប Manchester United

(ក្រុងឡុងដ៍)៖ អាវលេខ៧ នៅក្លឹបបិសាចក្រហម Manchester United ត្រូវបានពាក់ឲ្យកំពូលកីឡាករមួយចំនួនទទួលបានជោគជ័យដូចជា George Best, Bryan Robson, Eric Cantona, David Beckham និង Cristiano Ronaldo ជាដើម ប៉ុន្តែបន្ទាប់ពីការចាកចេញរបស់ Ronaldo ដែលបានផ្ទេទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid សម្រាប់អាវលេខ៧ ស្រាប់តែធ្វើឲ្យកីឡាករដែលបានស្នងតំណែងហាក់ដូចជាមិនបានធ្វើឲ្យអាវ ដែលជារបស់អតីតកីឡាករឆ្នើមមានភាពល្បីល្បាញឡើយក្នុងពេលបច្ចុប្បន្ន ហើយកីឡាករដែលបានពាក់លេងមិនបានល្អសោះ។

១៖ Michael Owen បច្ចុប្បន្នមានវ័យ ៣៨ឆ្នាំ អតីតពាក់អាវលេខ៧ កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដែល Man Utd នាំយកពីក្លឹប Newcastle United នឹងលេងបាន ៣១ដង រកគ្រាប់បាល់បញ្ចូលទីបានតែ ៥គ្រាប់ ជាអតីតកីឡាករជម្រើសជាតិអង់គ្លេស។

២៖ Antonio Valencia មានអាយុ ៣៣ឆ្នាំ សញ្ជាតិអេក្វាឌ័រ បច្ចុប្បន្នពាក់អាវលេខ២៥ ក៏ធ្លាប់បានពាក់អាវលេខ៧ នៅ Man Utd រកបានតែ ១គ្រាប់ក្នុង ៣០ប្រកួតកាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ដែល Man Utd បាននាំយកមកពីក្លឹប Wigan Athletic កាលពីឆ្នាំ២០០៩។

៣៖ Angel Di Maria មានវ័យ ៣០ឆ្នាំជាខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ធ្លាប់ពាក់អាវលេខ៧ នៅ Man Utd កាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ លេងបាន ២៧ប្រកួតរកបាន ៣គ្រាប់គ្រាដែលបិសាចក្រហមទិញពីក្លឹប Real Madrid ក្នុងតម្លៃ ៦៧.៥លានផោន បច្ចុប្បន្នលេងឲ្យក្លឹប Paris Saint-Germain របស់បារំាង។

៤៖ Memphis Depay ជាខ្សែបម្រើសញ្ជាតិហូឡង់ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ក៏ធ្លាប់បានពាក់អាវលេខ៧ នៅ Man Utd កាលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដែលកាលនោះ លេងបាន ២៩ប្រកួត និងស៊ុតបញ្ចូលទីបានតែ ២គ្រាប់ គ្រាដែល Man Utd ទិញពីក្លឹប PSV Eindhoven ក្នុងតម្លៃ ៣០.៦លានផោន ដោយបានផ្ទេរទៅកាន់ក្លឹប Lyon របស់បារាំង កាលពីឆ្នាំ២០១៧។

៥៖ Alexis Sanchez មានវ័យ ២៩ឆ្នាំ បច្ចុប្បន្នពាក់អាវលេខ៧ នៅ Man Utd រហូតដល់សព្វថ្ងៃក្រោយផ្ទេរពីក្លឹប Arsenal ដោយប្តូរគ្នាជាមួយកីឡាករ Henrikh Mkhitaryan កាលពីដើមឆ្នាំ២០១៨ ដែលមានថ្លៃពលកម្មជិត ៥០ម៉ឺនផោនក្នុង១សប្តាហ៍ គ្រាដែលសព្វថ្ងៃរកបានតែ ៥គ្រាប់ក្នុង ៧ប្រកួត។

គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាករណាពាក់អាវលេខ៧ គ្រប់គ្នាតែងសង្ឃឹមថា កីឡាកររូបនោះ នឹងរកគ្រាប់បាល់បានច្រើន ហើយជាកីឡាករនាំលេងផ្តល់លទ្ធផលផ្លាស់ប្តូរដល់ក្លឹប ដូចអ្វីដែលអតីតវីរបុរសបាល់ទាត់របស់ក្លឹបជាច្រើនបានធ្វើ ដូច្នេះប្រសិនបើកីឡាករនោះ នៅមានសមត្ថភាពមិនដល់ទេ អាវលេខ៧នោះនឹងក្លាយជាសម្ពាធដល់អនាគតរបស់គេទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ