ម្ចាស់ក្សត្រី Ayako ដែលត្រូវជាក្មួយស្រី Akihito នឹងទទួលបាន 106,75 លានយ៉េនពីរដ្ឋាភិបាល ក្រោយពីរៀបមង្គលការ ជាមួយរាស្ត្រសាមញ្ញ គឺយុវជន Kei Moriya នៅថ្ងៃទី២៩តុលាខាងមុខ។
ចំនួនទឹកប្រាក់ខាងលើត្រូវបានអនុម័តក្នុងអង្គប្រជុំសម្ងាត់មួយរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចមហាក្សត្រជប៉ុននៅថ្ងៃទី១១ ខែតុលាម្សិលមិញនេះ។ ក្រុមប្រឹក្សានេះមានសមាជិក៨រូប រួមមានទាំងនាយករដ្ឋមន្ត្រី ប្រធានសភាជាន់ទាប និងព្រឹទ្ធសភា ព្រមទាំងប្រធានស្ថាប័នមួយចំនួនរបស់រាជវាំង។
តាមច្បាប់ហិរញ្ញវត្ថុរបស់មហាក្សត្រ ម្ចាស់ក្សត្រី Ayako ត្រូវបានរដ្ឋាភិបាលផ្តល់ថវិកាដើម្បីរក្សាស្តង់ដាររស់នៅជាសែរាជវង្ស បន្ទាប់ពីនាងត្រូវចាកចេញពីរាជវង្ស និងក្លាយជារាស្ត្រសាមញ្ញក្រោយពេលរៀបអាពាហ៍ពិពាហ៍។ចំនួនលុយនោះត្រូវបានផ្តល់ឱ្យតាមស្ថានភាពជាក់ស្តែងរបស់សមាជិករាជវង្ស ហើយពុំត្រូវបានបង់ពន្ធលើប្រាក់ចំណូលទេ៕