ដូណាល់ ត្រាំ៖ «នៅមានរឿងច្រើនទៀត ដែលខ្ញុំអាចធ្វើបាន ដើម្បីឲ្យសេដ្ឋកិច្ចចិន រងគ្រោះកាន់តែខ្លាំង»

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននាថ្ងៃព្រហស្បតិ៍នេះថា នៅមានច្រើនសន្ធឹកសន្ធាប់ទៀត ដែល​រូបលោកអាចធ្វើទៅបាន ដើម្បីឲ្យ​សេដ្ឋកិច្ចរបស់ប្រទេសចិន កាន់តែរងគ្រោះធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «សេដ្ឋកិច្ចចិនបាន​ធ្លាក់​ចុះ​គួរឲ្យកត់សម្គាល់ ហើយខ្ញុំនៅមានរឿងជាច្រើនទៀតដែលអាចធ្វើបាន ប្រសិនបើខ្ញុំចង់ធ្វើ។ តាមពិតទៅខ្ញុំមិនចង់ប៉ុន្មានឡើយ ប៉ុន្តែ​ពួក​គេ (ចិន) ត្រូវតែមកចូលតុចរចាជាមួយគ្នា​​»

ជុំវិញបញ្ហាសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្មជាមួយប្រទេសចិន លោក ដូណាល់ ត្រាំ ក៏បានទម្លាក់កំហុសទៅលើ​បណ្តាមេដឹកនាំ​អាមេរិក​​ពីមុនៗផងដែរ ដែលបានបើកដៃឲ្យចិនអនុវត្តន៍​របៀបធ្វើពាណិជ្ជកម្ម ដែលគ្មានសមភាព។ លោក ត្រាំ បាននិយាយថា «ប្រទេស​ចិន​ហាក់​​ដូច​ជា​បានរស់នៅស្រួលយូរពេកហើយ ដោយប្រហែលជាពួកគេយល់ថា អាមេរិកគឺជាមនុស្សល្ងង់ ប៉ុន្តែមិនដូច្នោះឡើយ ពីព្រោះ​ថា​​ពួកយើងបានស្ថិតក្រោមការដឹកនាំមិនល្អនៅក្នុងវិស័យពាណិជ្ជកម្ម»

គួរជម្រាបថា លោក ត្រាំ កាលពីខែមុន បានបង្កើនពន្ធទៅលើទំនិញនាំចូលចិន ដែលមានទំហំជិត​២០០ពាន់លានដុល្លារ និងបាន​គំរាម​​ដំឡើងពន្ធបន្ថែមទៀត ប្រសិនបើចិនហ៊ានតដៃ។ ទោះជាបែបនេះក្តី ដោយមិនបង្អង់យូរ ទីក្រុងប៉េកាំង ក៏បានវាយបកមកវិញភ្លាមៗ​ តាមរយៈការបង្កើនពន្ធលើ​ផលិត​ផលនាំចូលពីអាមេរិក ក្នុងទំហំ​ប្រមាណ៦០ពាន់លានដុល្លារ។ ​ភាពកាន់តែតានតឹងឥតស្រាកស្រាន្ត​នៃ​សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ ក៏បានប៉ះពាល់ដល់ការព្យាករ​កំណើនសេដ្ឋកិច្ចពិភពលោក​របស់​​មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សម្រាប់ឆ្នាំ២០១៨និង២០១៩ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ