(អាមេរិក)៖ Selena Gomez ត្រូវបានគេរាយការណ៍ថា នាងទទួលរងការឈឺចាប់ដោយសារជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ និងមានកោសិកាឈាមសចុះទាបតម្រូវឲ្យចូលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ដែលបញ្ហានេះអាចមកពីការប្តូរតម្រងនោមរបស់នាង កាលពីឆ្នាំមុន។
TMZ ឲ្យដឹងថា តារាចម្រៀងស្រីវ័យ២៦ឆ្នាំរូបនេះ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យពីរដងហើយក្នុង រយៈពេលពីរសប្តាហ៍នេះ បច្ចុប្បន្ននាងកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត។ ប្រភពដដែលឲ្យដឹង ថា Selena បានចូលមន្ទីរពេទ្យនៅសប្តាហ៍ចុងក្រោយ នៃខែកញ្ញាបន្ទាប់ពីនាងនៅផ្ទះរបស់នាងស្ថិតនៅឯ Studio City, CA ហើយភ្លាមៗនោះ កោសិកាឈាមសចុះទាបដែលវាអាចជះឥទ្ធិពលពីការប្តូរតម្រងនោមរបស់នាងកាលពីឆ្នាំមុន។
នាងត្រូវបានគេនាំទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai ក្នុងទីក្រុង Los Angeles ហើយបន្ទាប់ពីចូលមន្ទីរពេទ្យ លើកទីពីរ Selena ចង់ចាកចេញឆាប់ៗ ប៉ុន្តែគ្រូពេទ្យមិនអនុញ្ញាតឡើយយោងលើសុខភាពរបស់នាងមិនទាន់ស្រួល។ គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា Selena ធ្លាប់បានប្រកាសសម្រាកពីប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដែលទំនង ជានាងហាក់មានវិបត្តិផ្លូវចិត្តខ្លាំង។
ក្រោយពីទទួលដំណឹងនេះ ក្រុមអ្នកគាំទ្រ Selena បានផ្ញើសារជាច្រើនតាមបណ្តា ញសង្គម ដោយបង្ហាញក្តីស្រឡាញ់របស់ពួកគេព្រមទាំងលើកទឹកចិត្ត និងបន់ស្រន់ឲ្យនាងឆាប់ជាសះស្បើយពីជម្ងឺ៕