• សាលី អ៊ូមើត នឹងនាំ​មេដាយ​ប្រាក់​ពិភពលោក​មកដល់​កម្ពុជា​ព្រឹកនេះ

    (ភ្នំពេញ)៖ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នឹងធ្វើដំណើរមាតុភូមិនិវត្តន៍ មកដល់កម្ពុជា នាម៉ោង ៩៖៣៥នាទីព្រឹកនេះ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក ដោយនឹងនាំមកជាមួយនូវមេដាយប្រាក់ ១គ្រឿង ដែលទើបដណ្ដើមបានពីព្រឹត្តិការណ៍ដ៏ធំនេះ ។

    សូមបញ្ជាក់ថា បេសកកម្មខាងលើ អ៊ូមើត បានចំណាយពេលជាង ១សប្ដាហ៍ នៅអាមេរិក ដោយប្រកួតលើ ៣វិញ្ញាសា រួមមានវិញ្ញាសា Ski Modified, M Pro Ski Stock និងវិញ្ញាសា Exspert Limited ខណៈលទ្ធផលចុងក្រោយ កីឡាករមានដើមកំណើតពីខេត្តត្បូងឃ្មុំនេះ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសា Ski Modified ដែលជាវិញ្ញាសា អ៊ូមើត ទើបដណ្ដើមបានមេដាយមាសជូនជាតិ ពីការប្រកួតកីឡា Asian Games កាលពីពេលថ្មីៗ ។

    ជាមួយនឹងលទ្ធផលនេះ អ៊ូមើត មិនសូវសប្បាយចិត្តប៉ុន្មានទេ ដោយសារខ្លួនមិនអាចសម្រេចបំណងដណ្ដើមមេដាយមាសជូនជាតិបាន ខណៈនេះគឺជាលើកដំបូងហើយ ដែលរូបគេ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក ក្នុងនាមកីឡាករជម្រើសជាតិកម្ពុជា ។ ប៉ុន្ដែយ៉ាងណា មានរឿងមួយ អាចលួងចិត្តឲ្យ អ៊ូមើត សប្បាយចិត្ត ដោយសារការប្រកួតនេះ ម៉ូតូទឹករបស់ អ៊ូមើត មិនបានធ្វើការកែឆ្នៃ ឬបំពាក់ឧបករណ៍ជំនួយម៉ាស៊ីនដូចកីឡាករដទៃនោះទេ ។

    ក្រឡេកមកចាប់អារម្មណ៍ដំណើរមាតុភូមិរបស់កីឡាករ ដែលបានកសាងសមិទ្ធផលធំៗជូនជាតិចំនួនពីរ ក្នុងរយៈពេលជាង ១ខែ រួមមានការដណ្ដើមបានមេដាយមាស Asian Games នៅម៉ាឡេស៊ី ហើយបន្ដដណ្ដើមបានមេដាយប្រាក់ជើងឯកពិភពលោក នៅសហរដ្ឋអាមេរិកពេលនេះ ក៏នឹងមានការអញ្ជើញទៅទទួលស្វាគមន៍ពីប្រមុខថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ