ទីបំផុត​ឥណ្ឌូណេស៊ី​បញ្ចប់ប្រតិបត្តិការ​ស្វែងរក​ជាផ្លូវការ ទោះ​បីមនុស្ស​៥,០០០នាក់ទៀត​នៅតែកំពុង​បាត់ខ្លួន​ក្នុងគ្រោះរញ្ជួយដី និងស៊ូណាមិ

(ហ្សាការតា)៖ ទីបំផុតរដ្ឋាភិបាល​ឥណ្ឌូណេស៉ី បានសម្រេច​បញ្ចប់ប្រតិបត្តិការ​តាមស្វែងរកសពជន​រងគ្រោះ ដែលបានបាត់បង់ជីវិត ​នៅក្នុងគ្រោះមហន្តរាយ​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅត្រឹមថ្ងៃព្រហស្បតិ៍​នេះហើយ បើទោះបីជាមនុស្ស​ប្រហែលខ្ទង់ ៥,០០០នាក់ ត្រូវគេ​ប៉ាន់​ស្មានថា​នៅបន្តបាត់ខ្លួន​ក៏ដោយក្តី។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

កាលពី​ថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ គ្រោះរញ្ជួយដីក​ម្រិត​ ៧.៥រ៉ិចទ័រ និង​រលកយក្ស​ស៊ូណាមិកម្ពស់ ៦ម៉ែត្រ ដែលបង្កឡើងដោយរំញ័ររបស់វា បានបង្កការ​បំផ្លិច​​បំផ្លាញយ៉ាងធំធេង នៅលើ​កោះស៊ូឡាវែស៊ី (Sulawesi) ភាគកណ្តាល​ឥណ្ឌូណេស៉ី ជាពិសេសគឺទីក្រុង ផាលូ (Palu)។ មកទល់ពេល​នេះសាក​សព​មនុស្ស​​ជាង ២,០០០នាក់ ត្រូវបានក្រុម​សង្រ្គោះរុករក​ឃើញ ខណៈ​មនុស្សប្រមាណ ៥,០០០នាក់ទៀត ត្រូវគេ​ព្រួយ​​ប៉ាន់ស្មានថា អាចកំពុងកប់ជាប់​ក្រោម​គំនរ​អគារ​បាក់បែក​ និងល្បាប់ភក់នៅតាមតំបន់​រងគ្រោះ ដែលពិបាកខ្លាំងណាស់ក្នុងការស្វែង។

គួរជម្រាបថា អាជ្ញាធរ​ឥណ្ឌូណេស៉ី ក៏បានរៀបចំទីតាំងនៅ​តំបន់រងគ្រោះធ្ងន់ចំនួនបី រួមមាន Balaroa, Petobo និង Jono Oge ដើម្បី​គោរពវិញ្ញាណក្ខន្ធ​របស់ជនរងគ្រោះរាប់ពាន់នាក់ ដែលអាចនឹងពុំមាន​ថ្ងៃរកឃើញផងដែរ ហើយតំបន់​រង​គ្រោះធ្ងន់ទាំងនោះអាច នឹង​ត្រូវទុកធ្វើជា​ផ្នូរតែម្តង ដោយមានស្តូបរំលឹកវិញ្ញាណក្ខន្ធមួយ កំពុងត្រូវបានរដ្ឋាភិបាល​ត្រៀមកសាង​ឡើងនៅទីរង​គ្រោះនោះ​តែម្តង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9