៣១ប្រទេស​នឹងចូលរួម​សមយុទ្ធយោធាធំបំផុតនៅន័រវែស ដែលរៀបចំ​ឡើងដោយ​ NATO ជា​មួយយោធា​៥០,០០០នាក់!

(អូស្លូ)៖ កងទ័ពសរុប​​ប្រមាណ ៥០,០០០នាក់​មកពី ៣១ប្រទេស នឹងមកចូលរួម​ក្នុងការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ឈ្មោះថា ត្រាយដិន ចាំងឆឺ (Trident Juncture) ឆ្នាំ២០១៨ របស់​អង្គការ NATO នៅក្នុងប្រទេសន័រវែស​ចាប់ពីថ្ងៃទី២៥ ខែតុលានេះ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា​ខាងមុខ។ នេះបើ​តាម​សេចក្តីប្រកាស​របស់យោធា​ន័រវែស ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

​កងទ័ពមកពីប្រទេសជាសមាជិក​ NATO ទាំង២៩ រួមជាមួយ​ស៊ុយអែត និងហ្វាំងឡង់ ដែលជាដៃគូ ព្រមទាំង​យន្តហោះ១៥០គ្រឿង ​នាវា​៦៥គ្រឿង និង​យានជំនិះរហូតដល់​១០,០០០គ្រឿង នឹងចូលរួមការធ្វើសមយុទ្ធខាងលើ ដែលនឹងក្លាយជាការ​ចល័តកងទ័ព​ទ្រង់ទ្រាយធំ​បំផុតមិនធ្លាប់មាន​របស់​ NATO គិតចាប់តាំងតែពីសម័យសង្រ្គាមត្រជាក់មក។

សហរដ្ឋអាមេរិក​បានសម្រេចថា នឹងបញ្ជូន​នាវាដឹក​យន្តហោះចម្បាំង USS Harry S. Truman ដែលដើរដោយ​ថាមពលនុយក្លេអ៊ែរ ឲ្យ​មកចូលរួម​​សមយុទ្ធនេះ ដែលនឹង​ប្រព្រឹត្តទៅនៅតំបន់​ភាគកណ្តាល និងខាងកើតន័រវែស ព្រមទាំង​តំបន់​នៅជុំវិញ​សមុទ្រអាត្លង់ទិក​ខាង​ជើង និងសមុទ្របាល់ទិក​ ដែលរួមបញ្ចូល​ទាំងអ៉ីស្លង់ និង​ដែនអាកាស​របស់ហ្វាំងឡង់​ក៏ដូចជា​ស៊ុយអែត។

ជុំវិញការធ្វើ​សមយុទ្ធ Trident Juncture 2018 យោធាន័រវែស​បានលើកឡើងថា ការពង្រឹងសមត្ថភាព​ការពារជាតិរួមគ្នា បានក្លាយជា​ចំណុច​ដ៏សំខាន់សម្រាប់​អង្គការ NATO ដោយសារតែការ​ប្រែប្រួលនៃស្ថានការណ៍​សន្តិសុខលើ​ពិភពលោក។ លំហាត់​យោធានេះ នឹង​ធានាថា​កងកម្លាំង NATO ទទួលបានការហ្វឹកហាត់ និងត្រៀមខ្លួនរួចរាល់ ហើយបង្ហាញ​ពីភាពរឹងមាំ និងសាមគ្គីភាព​របស់ NATO៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ