(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងនឹងមិនដក ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងកូរ៉េខាងជើង ជាឯកតោភាគីជា ដាច់ខាត បើគ្មានការយល់ព្រមពី សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ការកត់ សម្គាល់បែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី ការបរទេស កូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានឱ្យដឹងថា ទីក្រុងសេអ៊ូល កំពុងពិចារណាថា តើគួរតែដក ទណ្ឌកម្មសេដ្ឋកិច្ច ឯកតោភាគី ពីទីក្រុងព្យុងយ៉ាង ឬក៏យ៉ាងណា។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ ត្រូវបានអនុវត្តន៍ក្រោយ កូរ៉េខាងជើង បាញ់ពន្លិចនាវាចម្បាំង កូរ៉េខាងត្បូង មួយគ្រឿងកាល ពីឆ្នាំ២០១០។
ក៏ប៉ុន្តែថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មាន នៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (កូរ៉េខាងត្បូង) នឹងមិនដកទណ្ឌកម្ម សេដ្ឋកិច្ច ដោយគ្មាន ការយល់ព្រមរបស់ យើងនោះទេ។ ពួកគេនឹងមិន អាចធ្វើអ្វីឡើយ ដោយគ្មានការអនុញ្ញាត ពីពួកយើង»។
គួរបញ្ជាក់ថា ស្ថានភាពនៅ លើឧបទ្វីបកូរ៉េ មានសភាពស្ងប់ស្ងាត់ គួរឱ្យកត់សម្គាល់ ក្រោយជំនួបទាំងបី លើករវាង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។ ប៉ុន្តែ ទោះជាមាន ភាពស្ងប់ស្ងាត់ក៏ពិតមែន សហរដ្ឋអាមេរិក នៅតែបញ្ជាកជំហរ ជាដដែលៗថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុង ព្យុងយ៉ាង នឹងមិនអាច ត្រូវបានដក ឬបន្ធូរបន្ថយ ជាដាច់ខាត បើសិនជាកូរ៉េខាងជើង មិនរំសាយ ចោល នូវអាវុធនុយក្លេអ៊ែរ របស់ខ្លួនទាំងស្រុង ជាមុន៕