សហរដ្ឋអាមេរិក ចាប់ខ្លួនចារបុរសចិនម្នាក់ ពីបទព្យាយាមលួចព័ត៌មានសំងាត់អាកាសចរណ៍អាមេរិក

(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថាបានឃាត់ខ្លួន និងចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ម្នាក់ មកពីក្រសួងសន្តិសុខចិន ពីបទចារកម្មសេដ្ឋកិច្ច និងព្យាយាមលួចឯកសារសំងាត់ទាក់ទិននឹងពាណិជ្ជកម្មពីបណ្ដាក្រុមហ៊ុន អាកាសចរណ៍អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

លោក Yanjun Xu ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៊ែលហ្សិក កាលពីខែមេសា កន្លងទៅ និងត្រូវបានធ្វើបត្យាប័នមកកាន់ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។​ ម្យ៉ាងវិញទៀត ការចោទប្រកាន់លើលោក Xu កើតឡើងមាន ខណៈទីក្រុង វ៉ាស៊ីតោនកំពុងបង្កើនការដាក់សម្ពាធលើទីក្រុងប៉េកាំង ជុំវិញគោលនយោបាយពាណិជ្ជកម្ម និងការចោទប្រកាន់ពីសំណាក់ សហរដ្ឋអាមេរិកថាចិនបាននិងកំពុងព្យាយាមលួចកម្មសិទ្ធិបញ្ញាក្រុមហ៊ុនអាមេរិក។

បន្ថែមពីលើនេះ ក្រុមអ្នកជំនាញព័ត៌មានវិទ្យា ក៏បានព្រមានដែរថាការចាប់ខ្លួនពលរដ្ឋចិនខាងលើ នឹងបង្កជាជម្លោះ ​និងភាពតានតឹងថ្មីមួយទៀតបន្ថែមពីលើជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ស្របពេលសហរដ្ឋអាមេរិកកំពុង ព្រួយបារម្ភពីការកើនឡើងនៃសកម្មភាពចារកម្មរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ចិនប្រឆាំងនឹងក្រុមហ៊ុនអាមេរិក។

សូមជម្រាបថា បើតាមក្រសួងយុត្តិធម៌អាមេរិក លោក Yanjun Xu គឺជានាយករងនៃអង្គភាពមកពីក្រសួងសន្តិសុខចិន ប្រចាំខេត្ត Jiangsu។ ក៏ប៉ុន្តែ ភ្លាមៗស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ