Cristiano Ronaldo បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃពុធថា រូបគេមិនបានរំលោភស្ត្រីម្នាក់ដែលរូបគេបានជួបក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុង Las Vegas កាលពីឆ្នាំ២០០៩ ឡើយ ហើយថា ករណីរួមភេទរបស់ពួកគេគឺជា «ស្ម័គ្រចិត្តទាំងសងខាងទាំងស្រុង»។ នេះបើយោងទៅតាមការបញ្ជាក់របស់មេធាវីរបស់គេ។
លោក Peter Christiansen មេធាវីរបស់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់នៃក្លិប Juventus រូបនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយតាមរយៈ Gestifute ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើការងាររបស់ Ronaldo ថា៖ «Ronaldo ត្រូវបានបង្ខំឲ្យចេញមុខបកស្រាយ»។
លោកបានបន្ថែមទៀតថា៖ «ជាថ្មីម្តងទៀត ដើម្បីជៀសផុតពីការសង្ស័យនានា ជំហរបស់ Cristiano Ronaldo គឺមានភាពច្បាស់លាស់ថា អ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០៩ ក្នុងទីក្រុង Las Vegas ជាការព្រមព្រៀងគ្នាទាំងស្រុង»។
មន្ត្រីប៉ូលិសនៅ Las Vegas បានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេកំពុងតែបើកការស៊ើបអង្កេតជាថ្មីមួយ ទៅលើការចោទប្រកាន់ផ្សេងៗដែលត្រូវបានធ្វើឡើងដោយអតីតតារាបង្ហាញម៉ូដម្នាក់គឺនាង Kathryn Mayorga ទាក់ទងនឹងឧប្បត្តិហេតុមួយកាលពីឆ្នាំ២០០៩។
Ronaldo បានប្រានចោលទាំងស្រុងទៅលើការចោទប្រកាន់ទៅលើករណីរំលោភ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំច្រានចោលទាំងស្រុងទៅលើការចោទប្រកាន់ផ្សេងៗដែលប្រឆាំងនឹងរូបខ្ញុំ។ ការរំលោភគឺជាបទឧក្រិដ្ឋដ៏គួរឲ្យស្អប់ខ្ពើម ដែលប្រឆាំងនឹងអ្វីៗដែលខ្ញុំជឿជាក់»៕