៣ថ្ងៃភ្ជុំបិណ្ឌភ្ញៀវទេសចរចំនួន ១,២១៣,៦៨៧នាក់ បានចេញទៅកម្សាន្តតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស

(ភ្នំពេញ)៖ របាយការណ៍ក្រសួងទេសចរណ៍ដែលអង្គភាពព័ត៌មានទទួលបាននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា រយៈពេល៣ថ្ងៃនៃការ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ (៨-១០ តុលា) អ្នកទេសចរជាង ១.២លាននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ចំនួននេះ មានការកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០១៧។

របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩ភាគរយ។ ភ្ញៀវអន្តរជាតិ មានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣ភាគរយ។

យោងតាមរបាយការណ៍ដដែលបង្ហាញថា ខេត្តសៀមរាបតំបន់ទេសចរណ៍ប្រាង្គប្រាសាទនៅតែជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេដដែល នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ដោយទទួលបានភ្ញៀវទេសចរសរុប ២៥២,៤២២នាក់ កើនឡើង ៤៧.០៥ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣០,០០០នាក់ កើនឡើង ៥៣.៣៣ភាគរយ, ភ្ញៀវអន្តរជាតិមានចំនួន ២២,៤២២នាក់ កើនឡើង ៣.៥៨ភាគរយ។

របាយការណ៍ក៏បានបង្ហាញថា ស្ថិតិនៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល (រងការខូចខាតខ្លាំងដោយសារ ជំនន់ទឹកភ្លៀង) និងមួយវិញទៀតក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោ និងទឹកឈូ។

ក្នុងរបាយការណ៍ បានបង្ហាញពីការកត់សម្គាល់របស់មន្ទីរទេសចរណ៍តាមបណ្តាខេត្តនីមួយៗផងដែរ ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើន កាន់តែប្រសើរ។ ភាពល្អប្រសើរនោះមានដូចជា៖ អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវ ជាមុនបានត្រឹមត្រូវបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បន្ថែម។

សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាប់តាំងពីក្រុមការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ