មនុស្ស​ស្លាប់កើន​ដល់​៥០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍​តែមួយករណី​នៅកេនយ៉ា, ប្រជាជាតិទាំងមូលកាន់ទុក្ខ!

(ណៃរ៉ូប៊ី)៖ ប្រធានាធិបតីកេនយ៉ា​បានប្រកាសកាន់​មរណទុក្ខទូទាំងប្រទេស បន្ទាប់ពីគ្រោះ​ថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយ បានផ្តាច់ជីវិតមនុស្ស​រហូតដល់ទៅ ៥០នាក់ និងជាច្រើននាក់ទៀត​រងរបួសនៅភាគ​ខាងលិច នៃប្រទេស​​អាហ្វ្រិក​មួយនេះ។ នេះបើតាម​​ការចេញផ្សាយដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

កាលពីព្រឹក​ថ្ងៃពុធនេះ (ម៉ោងនៅទី​ក្រុងណៃរ៉ូប៊ី) គ្រោះថ្នាក់ចរាចរណ៍​ដែលត្រូវបានចាត់​ទុកថា អាក្រក់បំផុត​ប្រចាំឆ្នាំ២០១៨ នៅក្នុងប្រទេសកេនយ៉ា បានកើតឡើង​នៅក្នុងស្រុក Kericho តាមផ្លូវពីទីក្រុង​ណៃរ៉ូប៊ី ឆ្ពោះទៅកាន់ទីក្រុង Kakamega ដោយរថយន្ត​ក្រុងប្រភេទ ៦៧ កៅអី​ បានរអិលធ្លាក់​ចេញពីផ្លូវហៃវ៉េយ៍ ចូលទៅក្នុង​ជ្រលងក្បែរផ្លូវ បណ្តាលឲ្យមនុស្ស​ជិះនៅលើ​នោះ ៥០នាក់ស្លាប់នៅ​ហ្នឹងកន្លែង​កើតហេតុ និងមួយចំនួន​ទៀតរងរបួស។

គួរបញ្ជាក់ថា ក្រោយកើត​ហេតុការណ៍​បន្តិច​មានសេចក្តី​រាយការណ៍ថា មនុស្ស ៤២នាក់បាន​ស្លាប់ ប៉ុន្តែដោយសារ​អ្នកដំណើរមួយចំនួនទៀត បានរងរបួសធ្ងន់​ពេករហូតដល់បាត់បង់ជីវិត​បន្ថែមទៀតនោះ ទើបចំនួនអ្នកស្លាប់មានការកើនឡើង។ គ្រាន់តែដឹង​ដំណឹងដ៏រន្ធត់នេះភ្លាម រដ្ឋាភិបាលកេនយ៉ា​នៅព្រឹកថ្ងៃ​ពុធដដែល បានប្រកាស​យកថ្ងៃនេះតែម្តង ធ្វើជាថ្ងៃកាន់​មរណទុក្ខ និងតម្រូវឲ្យមាន​ការឈប់សម្រាក​នៅទូទាំង​ប្រទេសតែម្តង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ