កំប្លោក និងត្រកៀត បន្តវាយប្រហារ មកលើឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ទៀតហើយ…!

(ព្រះសីហនុ)៖ នៅលើ Facebook រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះថា កំប្លោក និងត្រកៀត ត្រូវបានរលក បោកបក់រសាត់មកដល់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ និងបានអំពាវនាវដល់សាធារណជនចូលរួមសំអាតទាំងអស់គ្នានៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

យោងតាមព័ត៌មានពីមន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា កំប្លោក និងត្រកៀតនេះ នឹងរសាត់មកទើនៅលើឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ។ ប្រភពបន្តថា ដុំកប្លោក និងត្រកៀត ដែលគេអះអាងថា រសាត់មកពីប្រទេសវៀតណាមនេះ នឹងបន្តរសាត់មកកាន់ឆ្នេរខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នៅមុនពេលវាស្វិតរលួយដោយអំណាចទឹកប្រៃធ្លាក់ទៅបាតសមុទ្រ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការក្នុងខេត្តចុះបោសសំអាតកំប្លោក និងត្រកៀននេះរួចម្តងហើយ។

ប្រភពពីប្រជាពលរដ្ឋអ្នកនេសាទ បានលើកឡើងថា វាមិនមានអ្វីជាការចម្លែកនោះឡើយសម្រាប់កម្ទេចកំប្លោក និងត្រកៀតទាំងអស់នេះ ព្រោះកើតមានស្ទើរតែរាល់ឆ្នាំ។ បុរសដែលអះអាងថា ជាអ្នកនេសាទលើដែនសមុទ្រខ្មែរ វៀតណាម និងថៃរយៈពេលប្រមាណ ២០ឆ្នាំមកហើយនោះ បានរៀបរាប់ថា កំប្លោកតែងអណ្ដែតពេញផ្ទៃសមុទ្របែបនេះ អំឡុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ តាំងពីយូរណាស់មកហើយ។

ប្រភពបន្តថា កំប្លោកតែងហូរពីបឹងទន្លេសាប និងបឹងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឆ្ពោះតាមខ្សែទឹកហូរទៅរកសមុទ្រក្នុងរដូវទឹកស្រកនេះ។ ពេលកំប្លោកហូរដល់សមុទ្រ វាអណ្ដែតតាមខ្សែទឹកសមុទ្រ ពីឆ្នេរប្រទេសវៀតណាម រហូតដល់ឆ្នេរសមុទ្រកម្ពុជា និងអាចទៅដល់ប្រទេសថៃទៀត បើសិនកំប្លោកនោះមិនទាន់រលួយទេ។ កំប្លោកទាំងនេះវានឹងរលួយទៅវិញក្នុងរយៈពេល ១ទៅ២ខែ ក្រោយពេលប៉ះចំទឹកសមុទ្រ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9