• ប្រវត្តិត្រួសៗរបស់ លោកវេជ្ជបណ្ឌិត Beat Richner និងការបង្កើតឡើង មន្ទីរពេទ្យ គន្ធបុប្ផា (មានវីដេអូ)

    លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជនជាតិ ស្វីស ។ គាត់ជាពេទ្យកុមារ, ជាអ្នកលេងសូឡូ, ជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅព្រះរាជាណាចក្រកម្ពុជា និងជានាយក នៃមន្ទីរពេទ្យ គន្ធបុប្ផា ផងដែរ ។

    បន្ទាប់ពីទទួលបាន បរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត ប៊ីត រិចន័រ ធ្វើជាអ្នកឯកទេស ថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារ នៅស៊ូរិច ។ បន្ទាប់មក លោក រិចន័រ បានធ្វើការអោយ កាកបាទក្រហមស្វីស និងត្រូវបានបញ្ជូន មកប្រទេសកម្ពុជា ជាទីដែលលោកបាន ធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុងភ្នំពេញ ចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ។

    មន្ទីរពេទ្យ គន្ធបុប្ផានេះ ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះនាម នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គត ក្នុងព្រះជន្ម នៅក្មេងវស្សានៅឡើយ (១៩៤៨-១៩៥២) ។

    នៅពេលខ្មែរក្រហម បានចូលកាន់កាប់ ប្រទេសកម្ពុជា លោក ប៊ីត រិចន័រ ត្រូវបានបង្ខំអោយ ចាកចេញទៅ ប្រទេសស្វីសវិញ ជាទីដែល លោកបានបន្ត ការងាររបស់លោក នៅទីក្រុងហ៉្សូរ៉ិច ។ ក្នុងដំណើរការ ស្វែងរកអាជីព វេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ ខាងតន្ត្រី និងការកម្សាន្ត វេជ្ជ. ប៊ីត រិចន័រ បានអភិវឌ្ឍ ចរិតលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡូ ។ ស្របគ្នាជាមួយ មុខនាទីនេះ លោក ប៊ីត រិចន័រ ក៏បានបោះពុម្ព សៀវភៅកុមារជាច្រើន ដែលផ្អែកលើ “Beatocello” ។

    នៅខែធ្នូ ឆ្នាំ១៩៩១ ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជា និងបានឃើញ ការបំផ្លិចបំផ្លាញ ដែលបានកើតឡើង ជាបន្តបន្ទាប់ ពីការប៉ះទង្គិចគ្នា ដែលជាលទ្ធផល ជម្លោះរវាងខ្មែរក្រហម និងវៀតណាម ។ លោកត្រូវ បានសុំអោយបើក និងសាងសង់ មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយ រដ្ឋាភិបាលកម្ពុជា ។ ការបង្កើតមូលនិធិ គន្ធបុប្ផា នៅខែមីនា ១៩៩២ លោក ប៊ីត រិចន័រ បានត្រឡប់ មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការ សាងសង់មន្ទីរពេទ្យ គន្ធបុប្ផា ដែលត្រូវបានបើកទ្វារ នៅខែវិច្ឆិកា ១៩៩២ ។

    មន្ទីរពេទ្យ គន្ធបុប្ផា មានសាខាចំនួន ៥ ដែលបានបង្កើតឡើង ដោយ លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលមន្ទីរពេទ្យនេះ ព្យាបាលអ្នកជម្ងឺ ដោយពុំមានការ គិតកម្រៃឡើយ ។ សាខាគន្ធបុប្ផាទី១ និងទី២ ស្ថិតនៅក្នុង រាជធានីភ្នំពេញ និងទី៣ ស្ថិតនៅមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។ សាខាគន្ធបុប្ផាទី៤ ត្រូវបានបើក ដំណើរការនៅខែធ្នូ ឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួម បញ្ចូលគ្នាជាមួយ មន្ទីរពេទ្យគន្ធបុប្ផាទី ៥ ដែលត្រូវបាន ស្ថាបនា រូចរាល់ និងបើកឱ្យដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០០៧ ។

    រហូតមកដល់ឆ្នាំ ២០១៥នេះ មន្ទីរពេទ្យ គន្ធបុប្ផា បានជួយព្យាបាល កូនចៅ ប្រជារាស្ត្រខ្មែរ ជាពិសេសអ្នកក្រីក្រ ដោយមិនគិតថ្លៃ បានប្រមាណជា ខ្ទង់លាន នាក់ហើយ… ហើយជនរួមជាតិខ្មែរ តែងតែបានផ្ដល់ការ គោរពស្រលាញ់ យ៉ាងជ្រាលជ្រៅបំផុត និងចាត់ទុកលោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ជាឪពុកធម៌ដ៍ល្អ របស់កូនចៅ ប្រជារាស្ត្រខ្មែរក្រីក្រ នៅទូទាំងប្រទេស ទៀតផង។

    តាំងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប និងក្រុមការងារបាយក្តាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក តែងតែមានសេចក្តីសណោ្តស មើលការព្យាបាលដល់កុមារកម្ពុជាជាច្រើនឆ្នាំកន្លងមក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកបិតាស្ថាបនិកគន្ធបុប្ផា ដែលជាបេះដូងរបស់ប្រជាជនកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ