គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រាំ ម្ដងទៀត ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ នៅក្នុងឆ្នាំ ២០១៨នេះ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន​ ជែអ៉ីន បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី០២ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែ វត្ថុបំណងសំខាន់នៅពេលនេះរបស់លោកគីម នោះគឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) នៅក្នុងឆ្នាំ២០១៨ នេះ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកឡើងបែបនេះរបស់ លោក មូន ជែអ៉ីន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានបញ្ចប់ជំនួបកំពូល អន្តរកូរ៉េលើកទី០៣ ជាមួយលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង និងត្រឡប់មកដល់ទីក្រុងសេអ៊ូលវិញ កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះ លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធាន គីម បានបង្ហាញពីចេតនាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងឱ្យបានឆាប់រហ័ស ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចវិញ…លើសពីនេះទៅទៀត លោកក៏សង្ឃឹមដែរថា នឹងអាចជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាពិសេស គឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក្នុងឆ្នាំ២០១៨នេះ»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលរៀបចំឡើងនៅឯ ប្រទេសសិង្ហបុរី កាលពីខែថ្ងៃទី១២ ខែមិថុនា។ ដោយឡែក នៅពេលត្រូវបានសាកសួរពីជំនួបលើកទី០២ រវាងមេដឹកនាំទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួច ជាស្រេចដើម្បីរៀបចំជំនួបនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ