(ប៊ែឡាំង)៖ ប្រទេសអាល្លឺម៉ង់ បានយកឈ្នះតួកគី ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 បន្ទាប់ពីទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនជាងបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីស នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
នេះជាលើកទី១ ផងដែរសម្រាប់អាល្លឹម៉ង់ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះពានរង្វាន់មានរយៈពេល ៤ឆ្នាំម្តង បន្តាប់ពី អាល្លឺម៉ង់ បានធ្វើម្ចាស់ផ្ទះម្តងរួចមកហើយកាលពីឆ្នាំ១៩៨៨ ខណៈតួកគីមិនទាន់បានធ្វើម្ចាស់ផ្ទះម្តងនៅឡើយទេ និងបន្តបរាជ័យ ៤សម័យកាលជាប់គ្នាចាប់ពី Euro 2008, 2012 និង Euro 2016។
Euro 2024 នឹងត្រឡប់ទៅធ្វើនៅប្រទេសតែមួយវិញ បន្ទាប់ពី Euro 2020 ត្រូវបានធ្វឡើងនៅប្រទេសច្រើនគ្នាក្នុងទ្វីប អឺរ៉ុប ដោយមាន ២៤ក្រុមលេងក្នុងជុំផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ជាម្ចាស់ជើងឯកកាលឈ្នះម្ចាស់បារាំង កាលឆ្នាំ២០១៦ កន្លងទៅ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ធ្វើឡើងចន្លោះ World Cup ២ឆ្នាំ នឹងត្រូវបានរៀបចំ ឡើងនៅចន្លោះខែមិថុនា និងខែកក្កដា ដោយមាន៥១ប្រកួត ក្នុងចំណោម ២៤ក្រុមចូលរួម និងប្រើពេលវេលាប្រកួត រយៈពេល ៣២ថ្ងៃ៕