(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៦,២០៥ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៣,៦៩១នាក់ ក្នុងនោះស្រី១,២៦៩នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទសរុប១៥៣.២៣គីឡូក្រាម និង៧៩០កញ្ចប់ កញ្ឆាក្រៀម៦៥.៣៥គីឡូក្រាម កញ្ឆាស្រស់២៣៤,២៨៣។
នេះបើយោងតាមរបាយការណ៍ ដែលបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបង្ក្រាបគ្រឿងញៀន ប្រចាំខែ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលក៏បានឲ្យដឹងដែរថា ក្នុងចំណោមប្រតិបត្តិការខាងលើនេះ មានករណីជួញដូរ ៤,០៧១ករណី ឃាត់ខ្លួនមនុស្ស៧,២៤២នាក់, ករណីសំយោគ-កែច្នៃ ២ករណី ឃាត់ខ្លួនមនុស្ស៥នាក់, ករណីដាំដុះ១៣ករណី ឃាត់ខ្លួនមនុស្សម្នាក់, ករណីប្រើប្រាស់២,១១៨ករណី ឃាត់ខ្លូនមនុស្ស ៧,២៤២នាក់។ ដោយឡែកអនុវត្តតាមដីកាបាន២១៦ដីកា ឃាត់ខ្លួនមនុស្ស២១២នាក់។
ជាមួយគ្នានេះ របាយការណ៍ក៏បានកត់សម្គល់ឃើញថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ សកម្មភាពបង្ក្រាបករណីធំៗ ដែលមានសារធាតុញៀនចាប់ពី១គីឡូក្រាមឡើង មានចំនួន៤២ករណី ចាប់យកសារធាតុញៀនសរុប៤៦០.៣៥គីឡូក្រាម និងចាប់បានមេក្លោង១៦នាក់ ខ្សែរយៈបណ្ដាញចំនួន៥៧នាក់។
យ៉ាងណាមិញ រយៈពេល៩ខែឆ្នាំនេះ មានអ្នកប្រើប្រាស់គ្រឿងញៀនស្ម័គ្រចិត្តមកទទួលយកសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ចំនួន៣,៣១១នាក់ ស្រី២២៧នាក់។ នៅតាមមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋ និងឯកជន បានទទួលព្យាបាល និងបន្សាបអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន៤,០៥៤នាក់។ ក្នុងអំឡុងពេលនេះ អ្នកទទួលការបន្សាបគ្រឿងញៀនចំនួន៤,១៨១នាក់ ត្រូវបានធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ៕