• លោកអ៊ុំស្រី ដែលល្បីល្បាញ ដោយសាររូបថតបីកូន រត់ភៀសខ្លួនក្រោយរបប ប៉ុល ពត បានទទួលមរណភាពហើយ

    ភ្នំពេញៈ រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ឆ្នាំ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំងគួរឲ្យសង្វេគ។ រូបថតនេះ ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់។

    ស្ត្រីរូបនេះ មានឈ្មោះ តោង អូន (ថោង អូន) បានទទួលមរណភាព ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅពែរីញើ ប្រទេសបារាំង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម Choothmuny Huy បង្ហោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ។

    មរណភាពរបស់ស្ត្រីរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាទូទៅ មិនថា អ្នកធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ឬអ្នកមិនធ្លាប់ភ្លក្សរសជាតិជីវិតក្នុងរបបនេះក្ដី ហើយជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ដោយសម្ដែងការសោកស្ដាយ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃសពបានទៅសោយសុខនៅទីឋានបរមសុខទីឋានសុគតិភព។

    បើតាមព្រះតេជគុណ Choothmuny Huy លោកស្រី តោង អូន (ថោង អូន) កើតក្នុងឆ្នាំ១៩៣២ (01/07/1932) នៅរាជធានីភ្នំពេញ ហើយលោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ថោង សំ មានកូនចំនួន៦នាក់ ប្រុស៤ ស្រី២នាក់ (ស្លាប់ម្នាក់)។

    ក្នុងរបបគុកឥតជញ្ជាំងប្រល័យពូជសាសន៍ ប៉ុល ពត លោកស្រីបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។ លុះដល់បំណាច់ឆ្នាំ១៩៧៩ លោកស្រីបានភៀសខ្លួនជាមួយស្វាមី និងកូនៗ៥នាក់ទៀត ទៅរស់នៅប្រទេសទីបី (បារាំង) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ នៅក្នុងជំរុំប្រទេសថៃ ក្នុងសម័យនោះ កូនស្រី)។

    ចំពោះកូនៗរបស់លោកស្រី គឺក្មេងប្រុសដែលពបីក្នុងដៃ មានឈ្មោះ តោង សំណាង បច្ចុប្បន្នអាយុ៣៩ឆ្នាំ (រស់នៅប្រទេសបារាំង), ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ៤២ឆ្នាំ (រស់នៅប្រទេសបារាំង) និងក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ៤៧ឆ្នាំ (រស់នៅប្រទេសបារាំង)។ ដោយឡែក ស្វាមីរបស់លោកស្រី និងកូនឈរនៅក្បែរនោះដែរ៕

    ប្រភព៖ Cambopost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ