បន្ទាប់ពីប្រលូកក្នុងវិស័យហ្គេម Fortnite ជាមួយស្មាតហ្វូនជំនាន់ក្រោយ Galaxy Note 9 ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏ទើបប្រកាសជាផ្លូវការពីកិច្ចសហការឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ប្រកួតហ្គេម PUBG Mobile លំដាប់ពិភពលោក។
ព្រឹត្តិការណ៍ Star Challenge ជាការប្រកួតដំបូងបង្អស់រៀបចំឡើងដោយក្រុមហ៊ុន Tencent Game និង PUBG Corporation សម្រាប់ហ្គេមបែបបាញ់ប្រហារ PUBG Mobile។ សេចក្ដីប្រកាសបញ្ជាក់ថានឹងមានការចូលរួមពី ៦ តំបន់ជុំវិញពិភពលោកត្រូវមកប៉ះគ្នាដើម្បីរកម្ចាស់ជើងឯក ជាមួយប្រាក់រង្វាន់សរុបដល់ទៅ ៦០០ ០០០ ដុល្លារ។
ដំណើរការប្រកួតចម្រាញ់យកក្រុមទាំង ២០ មកពីតំបន់នីមួយៗ មកជម្រុះក្នុងវគ្គ PUBG Mobile Star Challenge មុនឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រលំដាប់ពិភពលោក ដោយអ្នកឈ្នះនឹងបែងចែកប្រាក់រង្វាន់ដូចខាងក្រោម៖
ម្ចាស់ជើងឯកពិភពលោកវគ្គចុងក្រោយ: ២០០ ០០០ ដុល្លារ
ម្ចាស់ជើងឯករង: ១០០ ០០០ ដុល្លារ
តំណែងលេខបី: ៥០ ០០០ ដុល្លារ
ម្ចាស់ជើងឯកប្រចាំតំបន់: ២០ ០០០ ដុល្លារ
ម្ចាស់ជើងឯករងប្រចាំតំបន់: ១៥ ០០០ ដុល្លារ
តំណែងលេខបី: ១០ ០០០ ដុល្លារ
ការរៀបចំនឹងទទួលសមាជិកចូលរួមជាប្រភេទ Squad ទូទាំងតំបន់អឺរ៉ុប អាស៊ី អាមេរិកខាងជើង អាមេរិកខាងត្បូង ជប៉ុន/កូរ៉េ និងប្រទេសចិន ដោយប្រកួតវគ្គចុងក្រោយនឹងធ្វើឡើងនៅទីក្រុង Dubai នាចុងឆ្នាំ ២០១៨ ខណៈអ្នកចូលរួមចាំបាច់ត្រូវមាន Follower ឬអ្នកគាំទ្រយ៉ាងតិច ១ ពាន់នាក់លើប្រព័ន្ធផ្សព្វផ្សាយណាមួយ។
ប្រភព៖ Sabay