Real Madrid ក្លាយ​ជា​ក្លឹប​ដែល​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ច្រើន​ជាង​គេ​របស់ FIFA 2018

(ក្រុងឡុងដ៍)៖ តាមរយៈលទ្ធផលនៃការប្រកាស និងប្រគល់ពានរង្វាន់បុគ្គលឆ្នើមរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានមើលឃើញថា កីឡាកររបស់ក្លឹបអធិរាជស Real Madrid នៃប្រទេសអេស្ប៉ាញ បានទទួលពានរង្វាន់ពីFIFA ឆ្នាំ២០១៨ ច្រើនជាងគេ បើធៀបទៅនឹងកីឡាកររបស់ក្លឹបបាល់ទាត់ផ្សេងទៀត ដែលការប្រគល់ពានរង្វាន់ធ្វើឡើងក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ជាការកត់សម្គាល់គឺពិតជាកម្រណាស់ ដែលកីឡាករ Real Madrid ខកខានមិនបានឈ្នះពានរង្វាន់ក្នុង FIFA Best Awards ដែលមានន័យថា ក្លឹបបាល់ទាត់អេស្ប៉ាញមួយនេះ គឺនៅតែជាក្លឹបនាំមុខដែលប្រមូលផ្តុំដោយកីឡាករល្អៗ អាចទទួលបានពានរង្វាន់ពី FIFA រួមទាំងពានរង្វាន់ផ្សេងៗទៀតរបស់សហព័ន្ធបាល់ទាត់អឺរុប UEFA។

កីឡាករ Real Madrid ចំនួន ៦នាក់បានទទួលពានរង្វាន់ផ្សេងៗពី FIFA ក្នុងឆ្នាំ២០១៨នេះរួមមាន ពានរង្វាន់អ្នកចាំទីល្អបំផុត បានទៅលើអ្នកចាំទី Thibaut Courtois សញ្ជាតិប៊ែលហ្ស៊ិក និងក្នុងជម្រើស ១១នាក់ល្អបំផុតប្រចាំឆ្នាំ FIFPro World XI មានកីឡាករ Real Madrid ដល់ទៅ ៥នាក់ ដូចជា ខ្សែការពារបារាំង Raphael Varane, ខ្សែការពារអេស្ប៉ាញ Sergio Ramos ខ្សែការពារប្រេស៊ីល Marcelo ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric និងអតីតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ព័រទុយហ្គាល់។

ហេតុផលមួយចំនួនបានបញ្ជាក់ថា មកពីក្លឹប Real Madrid ជាក្លឹបដែលមានកីឡាករខ្លាំងៗ ប៉ុន្តែគេមិនត្រូវភ្លេចទេថា Real Madrid ជាក្លឹបដែលមានប្រាក់ចំណូលច្រើនបំផុត មិនត្រឹមតែហ៊ានចំណាយប្រាក់ច្រើនក្នុងការដោះដូរកីឡាករនោះទេ ប៉ុន្តែគេក៏មានលទ្ធភាពទាក់ទាញប្រជាប្រិយភាពលើប្រព័ន្ធផ្សព្វផ្សាយ និងអាចបង្ហាញរូបភាពល្អៗលើបណ្តាញសង្គម ក្រៅតែលទ្ធផលឈ្នះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងការប្រគល់ពានរង្វាន់របស់ FIFA កីឡាករ Cristiano Ronaldo និង Lionel Messi ពុំមានវត្តមានចូលរួមនោះទេ ដែលធ្វើឲ្យមានការលើកឡើងមួយចំនួនថា អវត្តមានរបស់កីឡាករទាំងពីរក្នុងកម្មវិធីនេះបង្ហាញនូវ «កង្វះការគោរព» ទោះជាយ៉ាងណាក្តី មូលហេតុនៃការអវត្តមាននេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីសាមីខ្លួននៅឡើយ ប៉ុន្តែមានមជ្ឈដ្ឋានមួយចំនួនយល់ថា មកពីកំពូលកីឡាករទាំង២ ដឹងពីសមត្ថភាពរបស់ខ្លួនក្នុងឆ្នាំនេះ ទើបអវត្តមានបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ