ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (សុីសុវត្ថិ) ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ព្រះបរមកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះវររាជិនីនាថ ពៅ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញការសិក្សានៅទីក្រុងបាងកក នាព្រះរាជាណាចក្រថៃ ។
នៅឆ្នាំ ១៨៧០ ព្រះអង្គ ទទួលបានគោរមងារជា សម្តេចព្រះឧបរាជ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា បន្ទាប់ពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ បានយាងចូលព្រះទីវង្គិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤ ដោយមានព្រះបរមនាមក្នុងព្រះបរមសិរីរាជសម្បត្តិថា ព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី ។
ទោះបីកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៏ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ផ្នែកសិក្សាធិការព្រះអង្គបានកសាង វិទ្យាល័យព្រះ សុីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរព និងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួលមកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមាន បាត់ដំបង សៀមរាប មង្គលបុរី និងសុីសុផុន ពីប្រទេសសៀមបន្ទាប់ពីការត្រួតត្រារបស់ពួកគេអស់ជាច្រើនឆ្នាំ ។
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គិតនាព្រះបរមរាជវាំង ក្នុងព្រះជន្ម ៨៧ ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ » ។